ព័ត៌មាន​ចុងក្រោយ:

​​​តុលាកា​រ​​សម្រេច​​ចេញ​​ដីកា​ចាប់​ខ្លួន​​លោក​ស្រី ​ផាក ​គីន​ហេ​​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង

សារព័ត៌មាន​​យុវ​វ័យ​ថ្មី​/​

កូរ៉េខាងត្បូង (៣១ មីនា ២០១៧) ​៖ ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គីន​ហេ ត្រូវបាន​តុលាការ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល សម្រេច​ចេញ​ដីកាចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ រំលោភ​អំណាច និង​ធ្វើឱ្យ​លេច​ធ្លាយ​ឯកសារ​រដ្ឋាភិបាល​ជាដើម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

សារព័ត៌មាន​ដដែល​បន្តថា លើសពីនេះ​លោកស្រី ផាក គីន​ហេ ក៏ត្រូវ​បាន​ជាប់​សង្ស័យ​ថា បានរួម​គំនិត​ជាមួយ​មិត្តភក្តិ​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល បង្ខំ​ឱ្យ​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង បង់ប្រាក់​ជាង​៧០​លាន​ដុល្លារ​ក្រោមរូបភាព​ជា​អំណោយ​ឱ្យទៅ​មូលនិធិ​គ្រប់គ្រង​ដោយ​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល​។ តាមច្បាប់​របស់​កូរ៉េខាងត្បូង​លោកស្រី​អាច​នឹង ប្រឈមមុខ​ជាប់ពន្ធនាគា​រ​យ៉ាងតិច​១០​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង បានចេញ​សាលក្រម​សម្រេច​ទម្លាក់​លោកស្រី ផាក គឺ​ន​ហេ ចេញពី​តំណែង​ប្រធានាធិបតី ហើយ​សម្រេច​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹងត្រូវ​ធ្វើឡើង​នៅ​៦០​ថ្ងៃ​បន្ទាប់​៕

3

 

 

 

Comments

comments