ព័ត៌មាន​ចុងក្រោយ:

ជីវិត​​​ម្តាយ​​កូន​អន្តោ​ប្រវេសន៍​មិនស្រប​ច្បាប់​នៅ​ប្រទេស​ថៃ

អត្ថបទនិងរូបភាព ដោយ ​ឆាយ សុផល/

សារព័ត៌មាន​យុវវ័យថ្មី​/

        ខេត្តសាមុទ្រប្រាខន ប្រទេសថៃ​ (៤ មីនា ២០១៧)៖ ទឹក​​ភ្នែក​ហូរ​រហាមជោក​ថ្ពាល់ទាំងទ្វេ​រហូតស្រក់លើអាវដោយ​មិនដឹង​ខ្លួន យុវតី​ម្នាក់​បាន​និយាយ​ដោយ​​រអាក់​រអួល​ថា “ខ្ញុំ​បាន​យក​​កាំបិតកាត់​ទងផ្ចិត​កូន និងជូតឈាម​ដោយ​ខ្លួនឯង បន្ទាប់ពីខ្ញុំកើតកូននៅក្នុងបន្ទប់ដេកនាម៉ោងជិត៣ទាបភ្លឺ”។
នៅ​​​ខែ​កញ្ញា នាឆ្នាំមុន សូមាលី សាវី វ័យ​២០​ឆ្នាំ បានប្រសូតកូនប្រុសម្នាក់នៅក្នុងបន្ទប់ជួលមួយនា​កណ្តាលទីក្រុងបាងកក ប្រទេសថៃ ដោយ​គ្មាន​នរ​ណា​ម្នាក់​នៅ​ក្បែរ​នាងឡើយ។

ដោយជាជនអន្តោប្រវេសន៍ខុសច្បាប់ សាវី មិន​ហ៊ាន​ប្រាប់​នរណាឡើយ សូម្បី​តែម្ចាស់ផ្ទះជន​​​ជាតិ​ថៃ និងអ្នកធ្វើការជាមួយពីបញ្ហាកូនក្នុង​ផ្ទៃ ហើយ​ម្យ៉ាងទៀត នាង​​នៅ​ក្មេង មិនដឹងការរាក់ជ្រៅពីបញ្ហា​កូន​ដំបូង។

នៅ​ពេលរម្លឹករឿងរ៉ាងដ៏កណ្ដែងកណ្តោចនេះ ទឹកភ្នែកនាងហូរកាន់តែខ្លាំង ខណៈលួងកូននៅលើដៃ ដែលមានអាយុជិត៧ខែ។

សូមាលី សាវី និងកូនប្រុស វ៉ាន់ ឆាលើម ហៅ ប៊ិក អាយុ​ជិត​៧​ខែ។ រូប ឆាយ​សុផល

សូមាលី សាវី និងកូនប្រុស វ៉ាន់ ឆាលើម ហៅ ប៊ិក អាយុ​ជិត​៧​ខែ។ រូប ឆាយ​សុផល

និយាយ​​បណ្តើរ យំខ្សឹកខ្សួលបណ្តើរ សាវី បានរៀបរាប់ថា មុនសម្រាលកូន នាងបានធ្វើការនៅក្នុង​​អាហារ​ដ្ឋាន​មួយក្នុងទីក្រុងបាងកក ហើយនៅព្រឹកមួយ នាងដើរទៅធ្វើការបានពាក់កណ្តាលផ្លូវ ស្រាប់​តែ​​ឈឺពោះ ប៉ុន្តែ​នាង​មិនដឹងថា ការឈឺនោះបណ្តាលមកពីពីកូនក្នុងផ្ទៃឡើយ ដោយនាងបញ្ជាក់ថា “កំពុងតែ​ដើរទៅ​ធ្វើ​ការ ខ្ញុំក៏ឈឺពោះខ្លាំង។ ដោយទ្រាំមិនបាន ខ្ញុំក៏ដើរទៅផ្ទះវិញ ហើយពោះនោះ ឈឺបាត់ៗ រហូត​ដល់​ម៉ោង​៣​ជិត​ភ្លឺ ទើបខ្ញុំកើតកូន”។

“ខ្ញុំនៅតែម្នាក់ឯងគត និងមិន​ដឹង​អ្វី​ទាំង​អស់ ហើយពេលកូនកើតមក​ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច។ ដោយ​ឃើញ​ទង​ផ្ចិត​កូន និងសុក​នៅជាប់គ្នា ទើបខ្ញុំយកកូនកាំបិតដែលខ្ញុំបានទិញពីផ្សារពីមុន មកកាត់ទងផ្ចិតចោល ហើយ​កូនក៏ស្រែកយំ” នេះ​គឺ​ជា​ការរម្លឹករបស់ សាវី ដោយដៃម្ខាងជូតទឹកភ្នែក និងដៃម្ខាងទៀត​ឱបត្រកងកូន។

បន្ទាប់​​ពី​កាត់ទងផ្ចិត​កូនរួចមក ទើបម្ចាស់ផ្ទះបានដឹងតាមរយៈសំលេងស្រែកយំរបស់ទារក ហើយដើម្បី​​​បញ្ចៀស​គ្រោះថ្នាក់ដោយយថាហេតុនៅក្នុងផ្ទះរបស់ខ្លួន ម្ចាស់ផ្ទះក៏បានបញ្ជូន​ សាវី និងកូនទៅមន្ទីរ
ពេទ្យ​ជាបន្ទាន់។
សំណាងល្អណាស់ ​ទាំងម្តាយនិងកូនមានសុខភាពល្អ ហើយកូនត្រូវបានពេទ្យពិនិត្យ និងព្យា​បាល​​ផ្ចិត ដើម្បីបង្ការការឆ្លងមេរោគនៅពេលកាត់ទងផ្ចិត។

កូនប្រុស សាវី គឺ វ៉ាន់ ឆាលើម ជាឈ្មោះដែលម្ចាស់ផ្ទះជនជាតិថៃបានដាក់ឲ្យដែលមានន័យថា “ថ្ងៃ​អបអរ”។ ក្នុងវ័យជិត៧ខែនេះ វ៉ាន់ ឆាលើម ហៅ ប៊ិក មិន​ដែល​បានឃើញមុខ និងឮសំឡេងឪពុករបស់​ខ្លួនម្តងណាឡើយ។

នៅ​ពេលសួរថា តើឪពុក វ៉ាន់ ឆាលើម នៅទីណា ហើយធ្វើការអ្វី ស្រាប់តែទឹកភ្នែក សាវី ហូរកាន់តែខ្លាំង លាយឡំនឹងទឹកសម្បោរ និង​លួង​កូន​ដែល​កំពុង​យំ​តិចៗ។

លើ​​ក​ដៃជូតទឹកភ្នែកបន្តិច សាវី និយាយមួយៗថា “គេបានរត់ចោលខ្ញុំ តាំងពីគេដឹងថា ខ្ញុំមានផ្ទៃពោះបានមួយខែមកម្ល៉េះ”។

សាវី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ នៅពេលនាងមានអាយុបាន១៥ឆ្នាំ ឪពុកម្តាយរបស់ នាង​បានលែងលះគ្នា ដែលធ្វើឲ្យនាងឈប់រៀនសូត្រ ហើយ​បានធ្វើចំណាកស្រុកមកប្រទេសថៃ ដោយខុសច្បាប់ជាមួយអ្នក​ភូមិ ដើម្បីស្វែងរកការងារធ្វើ។

មក​ដល់ទឹកដីថ្មីនៃអាណាចក្រដ៏ធំធេង នាងបានចូលធ្វើការជាកម្មករសំណង់ ដោយមានតួនាទីជាអ្នក​ចងដែក ហើយទទួលបានប្រាក់១៨០បាត ឬ១​ម៉ឺន​៨​ពាន់​រៀល​ក្នុងមួយថ្ងៃ។

ធ្វើការបានប្រមាណ៤ខែ សាវី បានជួបបុរសជនជាតិ​​ឯង​ម្នាក់​មកពីខេត្ត​បន្ទាយ​មានជ័យ ហើយ​​ពីរឆ្នាំក្រោយមក គឺនៅពេល ​សាវី អាយុបាន​១៧ឆ្នាំ អ្នក​ទាំង​ពីរ​បាន​រស់​នៅជាមួយគ្នាដូចជាប្តីប្រពន្ធ រហូត​​​​នាង​មានផ្ទៃពោះបានមួយខែនាចុងឆ្នាំ២០១៥។
ជីវិត​សោក​សៅរបស់ម្តាយកូនទាំងពីរនេះបាននៅត្រសែតអណ្តែតនាកណ្តាលវេហាក្នុងប្រទេសថៃ ដោយមិនដឹងទៅទីណា ទោះជា​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​​វិញក៏មិនងាយស្រួលដែរ។
​សម្រាប់ សាវី ខ្លួនឯង នាងអាចមកស្រុកវិញបាន ប៉ុន្តែ វ៉ាន់ ឆាលើម ពិតជាពិបាក ដោយសារនាងមិនមានឯកសារណាមួយបង្ហាញថា ឆាលើម ជាកូន​បង្កើត​របស់​នាង ដែលអាជ្ញាធម៌ថៃទាមទារឲ្យមានសាក្សីធានាបានច្បាស់លាស់ពីបញ្ហានេះ។

ទោះ​ជាយ៉ាងនេះក្តី សាវី មិនចង់វិលត្រឡប់មកប្រទេសវិញទេ ដោយនាងចង់បន្តរស់នៅនិងធ្វើការនៅប្រទេសថៃទៀត ព្រោះថា ទោះជាទៅប្រទេសវិញ ក៏នាង​មិន​ដឹងមានអ្វីជាទីពឹងដែរ។

តាម​រយៈ​​អង្គការមូលិធិបណ្តាញលើកកម្ពស់សិទ្ធិការងារ (Labour Rights Promotion Network) ដែលមានស្នាក់ការធំនៅខេត្តសាមុទ្រសាខន (Samutsakorn) ខាង​ត្បូងទីក្រុងបាងកកប្រមាណ​១០០គីឡូម៉ែត្រ ម្តាយកូនទាំងពីរបានមករស់នៅបណ្តោះអាសន្នក្នុងអង្គការនេះ មុនសំណុំបែបបទរបស់ ឆាលើម ត្រូវ​បាន​បំពេញ​​តាមផ្លូវច្បាប់។

លោក សំពុង ស្រាកែវ (Sompong Srakaew) នាយកប្រតិបត្តិ និងជាស្ថាបនិកនៃ​អង្គការមូលិធិបណ្តាញលើកកម្ពស់សិទ្ធិការងារប្រចាំខេត្តសាមុទ្រសាខនបាន​ប្រាប់​អ្នកយកព័ត៌មានកម្ពុជានារសៀលថ្ងៃទី​៣ មីនា ថា សាវី និងកូន ​គឺជាពលរដ្ឋខ្មែរក្នុងចំណោមប្រមាណមួយរយនាក់ទៀតដែល​អង្គការរបស់លោកបានជួយ​សម្រប​សម្រួល ដើម្បីធ្វើយ៉ាងណាបានវិលត្រឡប់ទៅស្រុកវិញ។

លោក សំពុង ស្រាកែវ (Sompong Srakaew) នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការមូលិធិបណ្តាញលើកកម្ពស់សិទ្ធិការងារប្រចាំខេត្តសាមុទ្រសាខន។ រូប ឆាយ​សុផល

លោក សំពុង ស្រាកែវ (Sompong Srakaew) នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការមូលិធិបណ្តាញលើកកម្ពស់សិទ្ធិការងារប្រចាំខេត្តសាមុទ្រសាខន។ រូប ឆាយ​សុផល

លោកថា បើតាមទិន្នន័យផ្លូវការបង្ហាញថា មានពលរដ្ឋខ្មែរប្រមាណ៧សែននាក់បានចុះបញ្ជីស្របច្បាប់​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ សាវី គឺជាពលករមិនស្របច្បាប់ក្នុងចំណោមរាប់ម៉ឺននាក់ទៀត។

លោក​បន្តថា ​អង្គការរបស់លោកកំពុងបំពេញការងារជាមួយស្ថានទូតកម្ពុជា និងអាជ្ញាធរថៃ ដើម្បីជួយសម្រួលឲ្យ សាវី និងកូន បានទៅស្រុកវិញ ប៉ុន្តែក្នុងអំឡុងពេលមិនទាន់បានសម្រេច ​អង្គការ
របស់​​​លោកទទួលនាងនិងកូនឲ្យស្នាក់មួយរយៈ។

បើតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជាបង្ហាញថា ពលករខ្មែរទៅធ្វើការនៅប្រទេសថៃមាន​ប្រមាណ​១​លាន​៥ម៉ឺននាក់ ដោយចែកជាបីប្រភេទ គឺប្រភេទទី១ជាពលករស្របច្បាប់មានប្រមាណ៣០​ម៉ឺននាក់​បាន​ចុះ​អនុ​សារ​ណៈយោគយល់គ្នាជាផ្លូវការរវាងរដ្ឋាភិបាលកម្ពុជានិងថៃ ខណៈ​ដែល​ប្រភេទ​ទី​២​គឺ​ជា​ពលករ​មិន​ទាន់​ស្រប​ច្បាប់​ទាំង​ស្រុងមានប្រមាណ៤០ម៉ឺនាក់ តែអាចធ្វើការបាននៅប្រទេសថៃ ហើយប្រភេទ​ទី​គឺ​មាន​ប្រមាណ​៣០​ម៉ឺន​នាក់ ដែលជាពលករមិនស្របច្បាប់ទាំងស្រុង។

លោក Sompong Srakaew បានបញ្ជាក់ថា ពលករខ្មែរប្រមាណពី៦០% ទៅ៧០% ជាពលករការងារសំណង់ ហើយ​ក្រៅ​ពីនោះគឺការនេសាទ កសិកម្ម និងផ្សេងៗ ហើយ​បញ្ហាធំដែលកើតមានកន្លងមក កឺច្រើនតែពលករនេសាទ ​ពិសេសនៅតំបន់សមុទ្រជាប់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោក​ថា អង្គការរបស់លោកជួយទាំងពលករខ្មែរ ឡាវ និងភូមា ទាំងស្របច្បាប់ មិងមិនស្របច្បាប់​ សំខាន់គឺកុំឲ្យមានការកេងប្រវ័ញ្ចពលកម្ម និង​ការ​រំលោភ​សិទ្ធិ​ពលករ​ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
លោក Srakaew បានបង្ហើបឲ្យដឹងថា បញ្ហាដែលពលករខ្មែរជួបវិបត្តិធំគឺថា ក្រុមហ៊ុនដែលនាំពលករ​ពីស្រុកខ្មែរទៅថៃ បានយកពលករបន្ត​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត ​ដែលការងារខុសពីកិច្ចសន្យាកាលពីដំបូង ហើយបញ្ហានេះធ្វើឲ្យពលករមិនពេញចិត្ត ហើយនាំគ្នាដូរការងារខុសពីឯកសារដើម។

លោកស្រី ឡាយ ច័ន្ទរស្មី ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកបាននិយាយនៅថ្ងៃទី២ មីនា ថា នៅពលករដូរការងារពីក្រុមហ៊ុនដើម ទៅ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុនមួយផ្សេងទៀត ដោយមិនមានការឯកភាពពីក្រុមហ៊ុនដើម នោះពលករក្លាយជាពលរមិនស្របច្បាប់។

លោក​ស្រីបន្តថា បើតាមស្ថានទូតដឹង គឺមានក្រុមហ៊ុនប្រមាណ៨០ក្រុមហ៊ុននៅក្នុងប្រទេសថៃ ដែល​ទទួលយកពលករខ្មែរទៅធ្វើការ ដែលភាគ​ច្រើន​ជា​អ្នក​លក់​កម្លាំង​ពលកម្មជាងជាងលក់ប្រាជ្ញា ហើយថា ​ស្ថានទូតបានខិតខំធ្វើយ៉ាងណាជួសម្រួលពលរដ្ឋខ្មែរឲ្យរស់នៅ និងធ្វើការងារស្របច្បាប់ ឬក៏ជួបបញ្ហាផ្សេងៗ។

លោក Srakaew បានបន្ទរថា នៅប៉ុន្មាន២ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងអង្គការរបស់លោក និងស្ថានទូតកម្ពុជាមានភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​ក្នុង​ការ​ជួយ​ដល់ពលករខ្មែរដែលកំពុងរសើនៅលើទឹកដីថៃ។

ចំណែកឯ​ សាវី វិញ នាងបានតាំងចិត្តថា បើនាងអាចធ្វើការនៅប្រទេសថៃបាន នាងត្រូវតែធ្វើ ទោះ​បី​ក្លាយជាពលករមិនស្របច្បាប់ក៏ដោយ ព្រោះ​នាង​មិន​ចង់​វិល​ទៅស្រុកដែលគ្មានគោលដៅនោះទេ​។

នៅពេលសួរថា ប្រសិនបើឪពុក ឆាលើម វិលមករកនាងនិងកូនវិញ តើនាងសម្រេចចិត្តយ៉ាងណា​ នាងបានឆ្លើយដោយមិនបង្អង់ជាមួយនិងទឹកមុខមាំថា “គ្រប់​គ្រាន់​ហើយសម្រាប់ខ្ញុំ! គេបោះបង់ខ្ញុំ និងកូនចោលនាពេលមុន ដូចនេះ បើមកយកវិញ ​គេក៏អាចបោះបង់ខ្ញុំចោលទៀតដែរនាពេលក្រោយ។ ខ្ញុំអាច​កើត​កូន​តែ​ម្នាក់​ឯង​បាន ដូចនេះ ខ្ញុំក៏អាចរកអនាគតដោយខ្លួនឯងបានដែរ”៕

លោកស្រីឡាយ ច័ន្ទរស្មី ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងសហការី។ រូប​ឆាយ​សុផល

លោកស្រីឡាយ ច័ន្ទរស្មី ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងសហការី។ រូប​ឆាយ​សុផល

Comments

comments